ថ្ងៃ ពុធ ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១១
ស្រាវជ្រាវ ៖ តាមទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី២២ កុម្ភៈ ផ្សាយឱ្យដឹងថា សហរដ្ឋអាមេរិក មានជំនឿថា បច្ចុប្បន្នប្រទេសប៉ាគីស្ថាន មានគ្រាប់បែកនុយក្លេអ៊ែរ៍ជាង១០០គ្រាប់ និងជិតផ្តួលតំណែងរបស់អង់គ្លេសជាប្រទេសមហាអំណាចនុយក្លេអ៊ែរ៍ ស្ថិតនៅលំដាប់ទី៥ នៅលើពិភពលោក ។
ចំនួនគ្រាប់បែកនុយក្លេអ៊ែរ៍របស់ប្រទេសប៉ាគី ស្ថានបានកើនឡើងជិត៤០% ក្នុងរយៈពេល២ឆ្នាំកន្លងមក ខណៈពេលប្រទេសគ្រងតំណែងមហាអំណាចនុយក្លេអ៊ែរ៍ពិភពលោកនាពេល បច្ចុប្បន្នរួមមាន សហរដ្ឋអាមេរិក រុស្ស៊ី បារាំង ចិន និងអង់គ្លេស ដោយស្ថិតនៅលំដាប់ថ្នាក់បន្តបន្ទាប់ ។
ក្នុងអំឡុងពេលមុននេះ ប្រមុខកងទ័ពប៉ាគីស្ថានបញ្ជាក់ឱ្យដឹងថា ប៉ាគីស្ថានចាំបាច់ត្រូវបង្កើនចំនួនគ្រាប់បែកនុយក្លេអ៊ែរ៍ សម្រាប់ប្រើប្រាស់ក្នុងការតបត និងប្រឆាំងលើសក្តានុពលគ្រាប់បែកនុយក្លេអ៊ែរ៍របស់ឥណ្ឌាជា ប្រទេសជិតខាង ។ កាលពីពេលមុននេះប្រទេសប៉ាគីស្ថាន និងឥណ្ឌាធ្លាប់បានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ៍ កាលពីឆ្នាំ១៩៩៨ និងធ្លាប់ប្រយុទ្ធគ្នាចំនួន៣លើក ចាប់តាំងពីប៉ាគីស្ថានបំបែកខ្លួនចេញពីឥណ្ឌាកាលពីឆ្នាំ១៩៤៧។
ការវិភាគខាងលើរបស់សហរដ្ឋអាមេរិកបាន ផ្អែកលើចំនួនការផលិតសារធាតុភ្លុយតូនីញ៉ូម និងអ៊ុយរ៉ានីញ៉ូម ដោយអ្នកជំនាញមួយចំនួនជឿថា ប៉ាគីស្ថានមានគ្រាប់បែកនុយក្លេអ៊ែរ៍ច្រើនជាង១១០គ្រាប់ ។ គ្រាប់បែកនុយក្លេអ៊ែរ៍ទាំងនេះត្រូវបានកំណត់ទំហំឱ្យនៅតូច សម្រាប់យកទៅភ្ជាប់ជាមួយកាំជ្រួចដែលមានរយៈចម្ងាយបាញ់បាន ឆ្ងាយជាង១.២៤៥ម៉ៃល៍ ឬប្រហែល២.០០០គីឡូម៉ែត្រ ដើម្បីវាយប្រហារទៅលើទីក្រុងធំៗរបស់ឥណ្ឌា និងអ្នកខ្លះទៀតប៉ាន់ប្រមាណថា គ្រាប់បែកនុយក្លេអ៊ែរ៍ទាំងនេះត្រូវបានរក្សាទុកក្នុងឃ្លាំង អាវុធនៅទូទាំងប្រទេស រួមទាំងទីកន្លែងមួយចំនួនទៀតដោយរក្សាទុកក្នុងមូលដ្ឋាន ទ័ពអាកាសដ៏ធំបំផុតក្នុងប្រទេស។
ទោះបីជាបែបណាក៏ដោយ អ្នកវិភាគមួយចំនួនបានបង្ហាញនូវចម្ងល់ក៏ដូចជាក្តីបារម្ភ ថា តើរដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាស៊ីហ្វ អាលី សាដាលី អាចដឹកនាំប្រទេសប៉ាគីស្ថានឱ្យមានសមតុលទាំងផ្នែកយោធា និងជីវភាពរស់នៅរបស់ប្រជាជនបាន ឬអត់? ក្នុងខណៈដែលប្រទេសខ្លួនកំពុងប្រឈមមុខនឹងស្ថានភាពក្រីក្រ ប៉ុន្តែបែរជាបង្កើនចំនួនគ្រាប់បែកនុយក្លេអ៊ែរ៍ទៅវិញ៕
No comments:
Post a Comment